7. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើងបាន។
8. មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
9. សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។
10. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។
11. រីឯប្រស្នានោះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
12. មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង*មកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។
13. មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។
14. គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។
15. រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។