47. ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។
48. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
49. កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។
50. ព្រះយេស៊ូឮពាក្យបុរសនោះ ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។
51. លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
52. អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។
53. គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។
54. ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «នាងអើយ! ក្រោកឡើង»។
55. រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។