37. អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។
38. បុរសដែលអារក្សចូលពីមុននោះបានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖
39. «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
40. ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។
41. មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់
42. ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
43. ពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។
44. នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។
45. ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។
46. ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។
47. ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។
48. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។