36. អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូលនោះឲ្យបានជា។
37. អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។
38. បុរសដែលអារក្សចូលពីមុននោះបានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖
39. «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
40. ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។
41. មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់
42. ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
43. ពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។
44. នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។