លូកា 8:30-41 Khmer Standard Version (KHSV)

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។

31. អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។

32. នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​តាម​ចង្កេះ​ភ្នំ។ ពួក​អារក្ស​បាន​អង្វរ​ព្រះ‌អង្គ សូម​អនុញ្ញាត​ឲ្យ​វា​ចូល​ក្នុង​ជ្រូក​ទាំង​នោះ ព្រះ‌យេស៊ូ​ក៏​អនុញ្ញាត​ឲ្យ។

33. អារក្ស​ចេញ​ពី​បុរស​នោះ​ចូល​ទៅ​ក្នុង​ជ្រូក ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​បឹង លង់​ទឹក​ងាប់​អស់​ទៅ។

34. ពេល​អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ ក៏​រត់​យក​រឿង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ទីក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ។

35. មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​ព្រះ‌យេស៊ូ ឃើញ​បុរស​ដែល​អារក្ស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​ព្រះ‌អង្គ។

36. អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នាំ​គ្នា​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌យេស៊ូ​ប្រោស​បុរស​អារក្ស​ចូល​នោះ​ឲ្យ​បាន​ជា។

37. អ្នក​ស្រុក​នៅ​តំបន់​គេរ៉ា‌ស៊ីន​ទាំង​អស់​អង្វរ​ព្រះ‌យេស៊ូ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ ដ្បិត​គេ​ភ័យ​ខ្លាច​ខ្លាំង​ណាស់។ ព្រះ‌យេស៊ូ​ក៏​យាង​ចុះ​ទូក​ត្រឡប់​ទៅ​វិញ។

38. បុរស​ដែល​អារក្ស​ចូល​ពី​មុន​នោះ​បាន​អង្វរ​សុំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​យល់​ព្រម​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

39. «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ដល់​អ្នក»។ បុរស​នោះ​ចេញ​ទៅ ប្រកាស​ប្រាប់​ឲ្យ​អ្នក​ក្រុង​ដឹង​អំពី​ការ​ទាំង​អស់ ដែល​ព្រះ‌យេស៊ូ​បាន​ប្រោស​ដល់​គាត់។

40. ពេល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ពី​ត្រើយ​ម្ខាង​វិញ បណ្ដា‌ជន​នាំ​គ្នា​មក​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​ចាំ​មើល​ផ្លូវ​ព្រះ‌អង្គ​គ្រប់ៗ​គ្នា។

41. មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ*​ម្នាក់ ឈ្មោះ​យ៉ៃរូស​ចូល​មក​ជិត​ព្រះ‌យេស៊ូ ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ផ្ទះ​គាត់

លូកា 8