1. បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ សាវ័ក*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ
2. ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង
3. នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសិស្ស*របស់ព្រះអង្គ។
4. មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
5. «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។
6. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។
7. មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើងបាន។
8. មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
9. សិស្ស*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។
10. ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។
11. រីឯប្រស្នានោះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
12. មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង*មកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។
13. មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។
14. គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។