42. ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។
43. លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។
44. បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។
45. លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។
46. លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
47. ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្តែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្តែងសេចក្ដីស្រឡាញ់តិចដែរ»។
48. ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងបានរួចពីបាបហើយ»។
49. អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។
50. ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។