3. ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។
4. ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់
5. ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។
6. ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។
7. ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។
8. ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។
9. កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។
10. មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
11. ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សិស្សរបស់ព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។
12. ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។
13. កាលព្រះអម្ចាស់ឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។