24. ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?
25. តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។
26. បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ? ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត
27. ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។
28. ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។
29. ប្រជាជនទាំងមូល និងអ្នកទារពន្ធ*បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក*ពីលោក។