លូកា 7:22-30 Khmer Standard Version (KHSV)

22. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​ពីរ​នាក់​នោះ​ថា៖ «ចូរ​អ្នក​ទៅ​ជម្រាប​លោក​យ៉ូហាន​នូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​គេ​នាំ​ដំណឹង‌ល្អ*​ទៅ​ប្រាប់​ជន​ក្រីក្រ។

23. អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។

24. ពេល​សិស្ស​របស់​លោក​យ៉ូហាន​ត្រឡប់​ទៅ​វិញ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?

25. តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុងរឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុងរឿង ហើយ​មាន​ជីវ‌ភាព​ខ្ពង់‌ខ្ពស់ គេ​រស់​នៅ​ក្នុង​វាំង​ឯ‌ណោះ។

26. បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ? ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត

27. ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះ‌អង្គ”។

28. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូហាន​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។

29. ប្រជា‌ជន​ទាំង​មូល និង​អ្នក​ទារ​ពន្ធ*​បាន​ស្ដាប់​លោក​យ៉ូហាន ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ពិត​ជា​មាន​ព្រះ‌ហឫទ័យ​សុចរិត​មែន ហើយ​នាំ​គ្នា​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក។

30. រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​មិន​ទទួល​ស្គាល់​គម្រោង‌ការ ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​សម្រាប់​គេ​នោះ​ទេ គឺ​គេ​បដិសេធ​មិន​ព្រម​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន។

លូកា 7