17. ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮ ពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
18. សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហាន ក៏ហៅសិស្សពីរនាក់មក
19. រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រិស្ដ*ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
20. អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។
21. នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យបានជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញដែរ។
22. ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
23. អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។
24. ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ?
25. តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។