លូកា 7:10-21 Khmer Standard Version (KHSV)

10. មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។

11. ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

12. ពេល​ព្រះ‌អង្គ​យាង​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។

13. កាល​ព្រះ‌អម្ចាស់​ឃើញ​ស្ត្រី​មេ‌ម៉ាយ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​គាត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សូម​កុំ​យំ​អី!»។

14. ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ទ្រង់​ពាល់​មឈូស ពួក​អ្នក​សែង​ក៏​នាំ​គ្នា​ឈប់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​កំលោះ​អើយ! ចូរ​ក្រោក​ឡើង»។

15. រំពេច​នោះ បុគ្គល​ដែល​ស្លាប់​ក៏​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី។ ព្រះ‌យេស៊ូ​ប្រគល់​អ្នក​កំលោះ​ទៅ​ម្ដាយ​វិញ។

16. គេ​ស្ញែង​ខ្លាច​ទាំង​អស់​គ្នា ហើយ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដោយ​ពោល​ថា៖ «មាន​ព្យាការី​ដ៏​ប្រសើរ​ឧត្ដម​មួយ​រូប បាន​មក​នៅ​ក្នុង​ចំណោម​យើង​ហើយ ព្រះ‌ជាម្ចាស់​យាង​មក​រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។

17. ពាក្យ​ដែល​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ​បាន​លេច​ឮ ពាស‌ពេញ​ក្នុង​ស្រុក​យូដា និង​តំបន់​ជិត​ខាង​ទាំង​មូល។

18. សិស្ស​របស់​លោក​យ៉ូហាន បាន​រៀប​រាប់​ជូន​លោក​នូវ​ហេតុ‌ការណ៍​ទាំង​អស់​នោះ។ លោក​យ៉ូហាន ក៏​ហៅ​សិស្ស​ពីរ​នាក់​មក

19. រួច​ចាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ជា​អម្ចាស់​ថា៖ «តើ​លោក​ជា​ព្រះ‌គ្រិស្ដ*​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។

20. អ្នក​ទាំង​ពីរ​ទៅ​ដល់ ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «លោក​យ៉ូហាន‌បាទីស្ដ​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​សួរ​លោក​ថា តើ​លោក​ជា​ព្រះ‌គ្រិស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​ក៏​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។

21. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​កំពុង​ប្រោស​អ្នក​ជំងឺ មនុស្ស​ពិការ និង​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន​ឲ្យ​បាន​ជា។ ព្រះ‌អង្គ​ក៏​បាន​ប្រោស​មនុស្ស​ខ្វាក់​ជា​ច្រើន​ឲ្យ​មើល​ឃើញ​ដែរ។

លូកា 7