លូកា 7:1-11 Khmer Standard Version (KHSV)

1. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រជា‌ជន​ស្ដាប់​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្រុង​កាពើ‌ណិម។

2. នៅ​ក្រុង​នោះ មាន​អ្នក​បម្រើ​សំណព្វ​ចិត្ត​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ មាន​ជំងឺ​ជា​ទម្ងន់​ជិត​ស្លាប់។

3. ពេល​នាយ​ទាហាន​នោះ​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ គាត់​ក៏​ចាត់​ចាស់​ទុំ​នៃ​ជន‌ជាតិ​យូដា​ខ្លះ ឲ្យ​ទៅ​យាង​ព្រះ‌អង្គ​មក​ប្រោស​អ្នក​បម្រើ​របស់​គាត់។

4. ចាស់​ទុំ​ទាំង​នោះ​ទៅ​គាល់​ព្រះ‌យេស៊ូ​ទទូច​អង្វរ​ព្រះ‌អង្គ​ថា៖ «នាយ​ទាហាន​នោះ​ជា​មនុស្ស​ម្នាក់ ដែល​គួរ​តែ​លោក​ប្រោស‌ប្រណី​ដល់​គាត់

5. ព្រោះ​គាត់​ស្រឡាញ់​ជាតិ​សាសន៍​របស់​យើង ថែម​ទាំង​បាន​សង់​សាលា​ប្រជុំ*​ឲ្យ​យើង​ផង»។

6. ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ចាស់​ទុំ​ទាំង​នោះ។ លុះ​យាង​ជិត​ដល់​ហើយ នាយ​ទាហាន​ចាត់​មិត្ត‌ភក្ដិ​របស់​គាត់​ឲ្យ​មក​ទូល​ថា៖ «លោក​ម្ចាស់! មិន​បាច់​អញ្ជើញ​ចូល​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ ដ្បិត​ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​ទទួល​លោក​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ឡើយ។

7. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្របាទ​មិន​ហ៊ាន​មក​ជួប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់ នោះ​អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។

8. ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​ក៏​មាន​កូន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ។ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​ប្រាកដ​ជា​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។

9. កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទាំង​នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរសើរ​នាយ​ទាហាន​នោះ​ណាស់។ ព្រះ‌អង្គ​ងាក​ទៅ​រក​បណ្ដា‌ជន​ដែល​ដើរ​តាម​ព្រះ‌អង្គ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ​ឡើយ ទោះ​បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ក៏​គ្មាន​ផង»។

10. មិត្ត‌ភក្ដិ​ដែល​នាយ​ទាហាន​ចាត់​ឲ្យ​មក ក៏​វិល​ត្រឡប់​ទៅ​វិញ ឃើញ​អ្នក​បម្រើ​បាន​ជា​សះ‌ស្បើយ។

11. ក្រោយ​មក​ទៀត ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាអ៊ីន។ សិស្ស​របស់​ព្រះ‌អង្គ និង​បណ្ដា‌ជន​ជា​ច្រើន ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

លូកា 7