លូកា 6:6-12 Khmer Standard Version (KHSV)

6. នៅ​ថ្ងៃ​សប្ប័ទ*​មួយ​ទៀត ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ទ្រង់​បង្រៀន​គេ។ នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ស្ដាំ។

7. ពួក​អាចារ្យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី*​តាម​មើល​ព្រះ‌យេស៊ូ ក្រែង​លោ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ ព្រោះ​គេ​ចង់​រក​លេស​ចោទ​ប្រកាន់​ព្រះ‌អង្គ។

8. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​ពួក​គេ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​ក្រោក​ឡើង មក​ឈរ​នៅ​កណ្ដាល​គេ​ឯ‌ណេះ!»។ បុរស​នោះ​ក៏​ក្រោក​ឈរ​ឡើង។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​សប្ប័ទ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ?»។

10. ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មើល​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ រួច​មាន​ព្រះ‌បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ គាត់​ក៏​លាត​ដៃ ហើយ​ដៃ​គាត់​បាន​ជា​ដូច​ដើម​វិញ។

11. ពួក​គេ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពិគ្រោះ​គ្នា គិត​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ។

12. នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។ ព្រះ‌អង្គ​អធិស្ឋាន​ពេញ​មួយ​យប់។

លូកា 6