32. បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
33. ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។
34. បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។
35. ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។
36. ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា»។
37. «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។
38. ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ទ្រង់នឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។
39. ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។