20. ព្រះយេស៊ូងើបព្រះភ័ក្ត្រទតមើលសិស្ស*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ!អ្នកមានសុភមង្គល*ហើយដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់។
21. អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ!អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ!អ្នកមានសុភមង្គលហើយដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
22. ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នាប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែបុត្រមនុស្ស*អ្នករាល់គ្នាមានសុភមង្គលហើយ។
23. នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។
24. ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ!អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបានទទួលការសម្រាលទុក្ខរួចស្រេចហើយ។
25. អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ!អ្នកនឹងត្រូវវេទនាដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ!អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
26. អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ!អ្នកត្រូវវេទនាហើយព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
27. «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា
28. ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។
29. ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។
30. បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។
31. បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។
32. បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ
33. ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។
34. បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។