1. មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។
2. មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។
3. ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន
4. គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។
5. ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។
6. នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយទ្រង់បង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។
7. ពួកអាចារ្យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។
8. ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ទ្រង់ក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។
9. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។