18. ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។
19. ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។
20. ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។
21. ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
22. ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
23. បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?