12. ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ អោនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យបានជាស្អាតបរិសុទ្ធ*ផង»។
13. ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
14. ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
15. ព្រះកិត្តិនាមរបស់ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។
16. រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
17. ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី* និងអ្នកប្រាជ្ញខាងវិន័យអង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឲ្យបានជា។
18. ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។
19. ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។
20. ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។
21. ពួកអាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។
22. ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?