1. ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។
2. ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។
3. ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។
4. លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។
5. លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។
6. គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។
7. គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។
8. ពេលលោកស៊ីម៉ូន-ពេត្រុសឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។
9. លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។