លូកា 4:30-44 Khmer Standard Version (KHSV)

30. ប៉ុន្តែ ព្រះ‌អង្គ​យាង​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។

31. ព្រះ‌យេស៊ូ​យាង​ទៅ​ក្រុង​កាពើ‌ណិម ក្នុង​ស្រុក​កាលី‌ឡេ។ នៅ​ទី​នោះ ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។

32. មនុស្ស​គ្រប់​គ្នា​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះ‌អង្គ​បង្រៀន ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។

33. នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់ ដែល​វិញ្ញាណ​របស់​អារក្ស‌អសោច​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖

34. «ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះ‌អង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ*​ដែល​មក​ពី​ព្រះ‌ជាម្ចាស់»។

35. ព្រះ‌យេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្ស‌អសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដា‌ជន រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។

36. មនុស្ស‌ម្នា​ភ័យ​ស្រឡាំង‌កាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សម្ដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធា‌នុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​ឲ្យ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។

37. បន្ទាប់​មក ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ។

38. ព្រះ‌យេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ*​ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​គាត់​ឲ្យ​ជា។

39. ព្រះ‌យេស៊ូ​អោន​ទៅ​លើ​អ្នក​ជំងឺ ព្រះ‌អង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង បម្រើ​ភ្ញៀវ។

40. នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង‌ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះ‌យេស៊ូ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។

41. មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​គំរាម​អារក្ស​ទាំង​នោះ មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រិស្ដ*។

42. លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ស្ងាត់។ បណ្ដា‌ជន​នាំ​គ្នា​ដើរ​រក​ព្រះ‌អង្គ។ លុះ​ជួប​ហើយ គេ​ឃាត់​ព្រះ‌អង្គ​ឲ្យ​នៅ​ជា​មួយ មិន​ចង់​ឲ្យ​យាង​ចាក​ចោល​គេ​ឡើយ។

43. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ត្រូវ​នាំ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​បំពេញ​ការ​នេះ​ឯង»។

44. បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ*​តាម​សាលា​ប្រជុំ*​នានា ក្នុង​ស្រុក​កាលី‌ឡេ។

លូកា 4