20. លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។
21. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
22. ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
24. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។
25. ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ត្រីមេម៉ាយជាច្រើន។
26. ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។
27. នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28. កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។
29. គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។
30. ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
31. ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។
32. មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។
33. នៅក្នុងសាលាប្រជុំ*មានបុរសម្នាក់ ដែលវិញ្ញាណរបស់អារក្សអសោចនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖
34. «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។
35. ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។
36. មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាធ្វើតាម»។
37. បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។
38. ព្រះយេស៊ូយាងចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យជា។
39. ព្រះយេស៊ូអោនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើង បម្រើភ្ញៀវ។