14. ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។
15. ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
16. ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។
17. គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖
18. «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
19. ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់ សម្តែងព្រះហឫទ័យមេត្តាករុណា»។
20. លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។
21. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។
22. ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។
23. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
24. ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។
25. ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ត្រីមេម៉ាយជាច្រើន។
26. ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។
27. នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
28. កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។
29. គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។
30. ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
31. ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។