1. ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។
2. នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។
3. មារ*ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំប៉័ងមើល៍»។
4. ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ»។
5. មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឲ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។
6. មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។
7. ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។
8. ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់* ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ”»។
9. បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ហើយទូលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍
10. ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ថែរក្សាលោក
11. ហើយទេវតាទាំងនោះនឹងចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។
12. ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។
13. លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
14. ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។
15. ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
16. ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។