9. ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។
10. មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។
11. លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។
12. មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។
13. លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។
14. មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
15. ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ*!។
16. លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។
17. លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។
18. លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។
19. លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះទ្រង់បានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះទ្រង់បានធ្វើអំពើអាក្រក់ជាច្រើនផង។
20. ទ្រង់បានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
21. ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ
22. ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
23. កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មានព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី