លូកា 3:4-12 Khmer Standard Version (KHSV)

4. លោក​ប្រកាស​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​អេសាយថា៖ «មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង នៅ​វាល​រហោ‌ស្ថាន​ថា: ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។

5. ត្រូវ​បំពេញ​ច្រក​ភ្នំ​ទាំង​អស់​ឲ្យ​រាប​ស្មើ និង​ពង្រាប​ភ្នំ​តូច​ធំ​ទាំង​ប៉ុន្មាន​ឲ្យ​រាប ត្រូវ​តម្រង់​ផ្លូវ​កោង​ឲ្យ​ត្រង់ ព្រម​ទាំង​លុប​ផ្លូវ​រដិប‌រដុប​ឲ្យ​រាប​ស្មើ​ដែរ

6. នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះ‌ជាម្ចាស់»។

7. លោក​យ៉ូហាន​តែងតែ​បន្ទោស​មហា‌ជន ដែល​មក​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​គេច​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?

8. ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។

9. ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច​ហើយ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ ត្រូវ​កាប់​រំលំ​បោះ​ទៅ​ក្នុង​ភ្លើង»។

10. មហា‌ជន​សួរ​លោក​យ៉ូហាន​ថា៖ «បើ​ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។

11. លោក​យ៉ូហាន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «អ្នក​ណា​មាន​អាវ​ពីរ ត្រូវ​ចែក​ឲ្យ​អ្នក​ដែល​គ្មាន ហើយ​អ្នក​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ចែក​ឲ្យ​អ្នក​គ្មាន​ដែរ»។

12. មាន​អ្នក​ទារ​ពន្ធ*​ខ្លះ​មក​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​សួរ​លោក​ថា៖ «លោក​គ្រូ​អើយ! តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?»។

លូកា 3