1. នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសានាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន
2. លោកអាណ និងលោកកៃផាសធ្វើជាមហាបូជាចារ្យ*។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន*។
3. លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។
4. លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា: ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។
5. ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ
6. នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។
7. លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?
8. ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។
9. ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។
10. មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។
11. លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។
12. មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។
13. លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។
14. មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
15. ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ*!។
16. លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។