5. នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?
6. [ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា
7. “បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ” »។
8. ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។
9. ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។
10. ស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូអាន់ និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ
11. ពួកគេពុំជឿពាក្យសម្ដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។
12. ប៉ុន្តែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
13. នៅថ្ងៃដដែលនោះ មានសិស្ស*ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។