27. បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។
28. លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។
29. គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។
30. ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។
31. ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។