22. មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម
23. តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវតា*មកប្រាប់ថា លោកមានជីវិតរស់។
24. មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។
26. ព្រះគ្រិស្ដ*ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។
27. បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។
28. លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្តទៅមុខទៀត។
29. គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។
30. ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំប៉័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។
31. ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។
32. គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។
33. គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស* ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ
34. គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។
35. សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គ នៅពេលព្រះអង្គកាច់នំប៉័ង។
36. នៅពេលសិស្សទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។