លូកា 24:19-34 Khmer Standard Version (KHSV)

19. ព្រះ‌អង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល​ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជា‌ជន​ទាំង​មូល ទទួល​ស្គាល់​ថា លោក​ជា​ព្យាការី*​មាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ចការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។

20. ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។

21. យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។

22. មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម

23. តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ទេវតា*​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។

24. មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។

26. ព្រះ‌គ្រិស្ដ*​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ»។

27. បន្ទាប់​មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ*​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។

28. លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ត​ទៅ​មុខ​ទៀត។

29. គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។

30. ព្រះ‌អង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឲ្យ​គេ។

31. ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះ‌អង្គ​ស្គាល់ ប៉ុន្តែ ព្រះ‌អង្គ​បាត់​ពី​មុខ​គេ​ទៅ។

32. គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។

33. គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សិស្ស* ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ

34. គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពិត​ប្រាកដ​មែន ហើយ​ទ្រង់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។

លូកា 24