13. នៅថ្ងៃដដែលនោះ មានសិស្ស*ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។
14. គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។
15. នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។
16. គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។
17. ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។
18. ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។
19. ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និងប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី*មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសម្ដីដែលលោកបានថ្លែង។
20. ពួកនាយកបូជាចារ្យ* និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។
21. យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
22. មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម
23. តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវតា*មកប្រាប់ថា លោកមានជីវិតរស់។
24. មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។
25. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។
26. ព្រះគ្រិស្ដ*ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។