10. ពួកមហាបូជាចារ្យ* និងពួកអាចារ្យ*ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។
11. ព្រះបាទហេរ៉ូដ និងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។
12. កាលពីមុនព្រះបាទហេរ៉ូដ និងលោកពីឡាត ជាសត្រូវនឹងគ្នា។ ប៉ុន្តែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសម្លាញ់នឹងគ្នាវិញ។
13. លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។
14. លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។
15. សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។
16. ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [
17. ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។
18. គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។
19. ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។
20. លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។
21. ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។
22. លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។
23. ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។
24. លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ
25. លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។