លូកា 22:50-60 Khmer Standard Version (KHSV)

50. សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ*​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។

51. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឲ្យ​បាន​ជា​ដូច​ដើម​វិញ។

52. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ដែល​មក​ចាប់​ព្រះ‌អង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?

53. ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។

54. ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ លោក​ពេត្រុស​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ។

55. គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​ពេត្រុស​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។

56. ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ!»។

57. លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។

58. មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស​ពួក​គាត់​ដែរ»។ លោក​ពេត្រុស​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន​មែន​ខ្ញុំ​ទេ!»។

59. ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស​ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។

60. លោក​ពេត្រុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។

លូកា 22