44. ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។
45. កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើង ត្រឡប់ទៅរកពួកសិស្ស ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ត។
46. ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើង អធិស្ឋាន* កុំឲ្យចាញ់ការល្បួង»។
47. នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្ស*មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។
48. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស*ឬអី?»។
49. ពួកអ្នកនៅជាមួយព្រះយេស៊ូ ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។
50. សិស្សម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។
51. ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យបានជាដូចដើមវិញ។
52. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ* មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យ*ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?
53. ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
54. ពួកគេចាប់ព្រះយេស៊ូ បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ។
55. គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ លោកពេត្រុសក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។
56. ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។
57. លោកពេត្រុសប្រកែកថា៖ «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។
58. មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ លោកពេត្រុសឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។
59. ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។
60. លោកពេត្រុសឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។
61. ព្រះអម្ចាស់បែរព្រះភ័ក្ត្រទតមកលោកពេត្រុស។ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
62. លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
63. ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។