លូកា 22:42-52 Khmer Standard Version (KHSV)

42. «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឲ្យ​សម្រេច​តាម​ចិត្ត​ទូលបង្គំ​ឡើយ គឺ​ឲ្យ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​វិញ»។

43. ពេល​នោះ មាន​ទេវតា*​មួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខ*​មក ឲ្យ​ព្រះ‌អង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះ‌អង្គ។

44. ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះ‌អង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះ‌អង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។

45. កាល​ព្រះ‌អង្គ​ទូល‌អង្វរ​រួច​ហើយ ទ្រង់​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សិស្ស ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។

46. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង»។

47. នៅ​ពេល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សិស្ស*​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។ គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះ‌អង្គ។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស*​ឬ​អី?»។

49. ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឲ្យ​យើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។

50. សិស្ស​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ*​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។

51. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឲ្យ​បាន​ជា​ដូច​ដើម​វិញ។

52. បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ* មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ដែល​មក​ចាប់​ព្រះ‌អង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?

លូកា 22