លូកា 22:26-36 Khmer Standard Version (KHSV)

26. រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។

27. អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។

28. គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។

29. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យ*​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ។

30. ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។

32. ប៉ុន្តែ ខ្ញុំ​បាន​អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​បាត់​ជំនឿ​ឡើយ។ លុះ​ដល់​ពេល​អ្នក​ប្រែ​ចិត្ត​មក​វិញ ចូរ​ជួយ​បង‌ប្អូន​របស់​អ្នក​ឲ្យ​មាន​ជំនឿ​មាំ‌មួន​ផង»។

33. លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​ត្រៀម​ខ្លួន​ជា​ស្រេច ទោះ​បី​ត្រូវ​ជាប់​ឃុំ‌ឃាំង ឬ​ត្រូវ​ស្លាប់​ក៏​ដោយ ទូលបង្គំ​សុខ​ចិត្ត​ទៅ​ជា​មួយ​ព្រះ‌អង្គ​រហូត»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ពេត្រុស​អើយ! ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា នៅ​យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

35. បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស*​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ទូល​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។

36. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ឥឡូវ​នេះ អ្នក​ណា​មាន​ថង់​ប្រាក់ ត្រូវ​យក​ទៅ​ជា​មួយ ហើយ​អ្នក​ណា​មាន​ថង់​យាម ក៏​ត្រូវ​យក​ទៅ​ជា​មួយ​ដែរ។ រីឯ​អ្នក​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​ធំ​របស់​ខ្លួន ទិញ​ដាវ​មួយ​ទៅ។

លូកា 22