លូកា 22:17-31 Khmer Standard Version (KHSV)

17. ព្រះ‌អង្គ​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។

18. ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ​ខ្ញុំ​មិន​ទទួល​ទាន​ស្រា​ទំពាំង‌បាយជូរ​ទៀត​ឡើយ លុះ​ត្រា​តែ​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​មក​ដល់»។

19. បន្ទាប់​មក ព្រះ‌អង្គ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ព្រះ‌អង្គ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​នឹក​រឭក​ដល់​ខ្ញុំ»។

20. លុះ​ជប់‌លៀង​រួច​ហើយ ព្រះ‌អង្គ​ធ្វើ​តាម​បែប​ដដែល ទ្រង់​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី​ចង​ឡើង ដោយ‌សារ​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។

21. ប៉ុន្តែ តោង​ដឹង​ថា អ្នក​ដែល​នឹង​បញ្ជូន​ខ្ញុំ ក៏​នៅ​រួម​តុ​ជា​មួយ​ខ្ញុំ​ដែរ។

22. បុត្រ​មនុស្ស​ត្រូវ​តែ​ស្លាប់ តាម​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក​មក តែ​អ្នក​ដែល​បញ្ជូន​បុត្រ​មនុស្ស មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន»។

23. ពេល​នោះ ពួក​សិស្ស*​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ តើ​នរណា​មាន​បំណង​ប្រព្រឹត្ត​ដូច្នេះ។

24. ខណៈ​នោះ ពួក​សាវ័ក*​ជជែក​ទាស់‌ទែង​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​មាន​ឋានៈ​ធំ​ជាង​គេ។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ស្ដេច​ទាំង‌ឡាយ​តែងតែ​ត្រួត‌ត្រា​លើ​ប្រជា‌រាស្ត្រ ហើយ​អ្នក​កាន់​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។

26. រីឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធំ​ជាង​គេ ត្រូវ​ធ្វើ​តូច​ជាង​គេ ហើយ​អ្នក​ដែល​ដឹក​នាំ​គេ ត្រូវ​បម្រើ​គេ​វិញ។

27. អ្នក​ដែល​អង្គុយ​នៅ​តុ និង​អ្នក​បម្រើ​តុ តើ​អ្នក​ណា​ធំ​ជាង? ធម្មតា អ្នក​អង្គុយ​តុ ធំ​ជាង​អ្នក​បម្រើ​តុ។ រីឯ​ខ្ញុំ ខ្ញុំ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​ទៅ​វិញ។

28. គ្រប់​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក អ្នក​រាល់​គ្នា​ស៊ូ‌ទ្រាំ​នៅ​ជា​មួយ​ខ្ញុំ​ជា‌និច្ច។

29. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រគល់​ព្រះ‌រាជ្យ*​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​បាន​ប្រគល់​មក​ឲ្យ​ខ្ញុំ​ដែរ។

30. ក្នុង​ព្រះ‌រាជ្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​បរិភោគ​រួម​តុ​ជា​មួយ​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​នឹង​អង្គុយ​លើ​បល្ល័ង្ក ដើម្បី​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

31. «ស៊ីម៉ូន! ស៊ីម៉ូន​អើយ! មារ​សាតាំង*​បាន​ទាម‌ទារ​សុំ​រែង​អ្នក​រាល់​គ្នា ដូច​គេ​រែង​អង្ករ។

លូកា 22