14. ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី
15. ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។
16. សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។
17. មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។
18. ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។
19. អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។
20. «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។
21. ពេលនោះ អស់អ្នកនៅស្រុកយូដាត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។
22. គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។
23. គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅ កូនមុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។
24. គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។