3. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍
4. តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។
5. គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។
6. បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី*មែន»។
7. ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។
8. ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
9. បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។
10. លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។
11. ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។
12. គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។