11. ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។
12. គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។
13. ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។
14. ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។
15. គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?
16. គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។
17. ព្រះយេស៊ូទតសម្លឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថា: “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត” តើពាក្យនេះមានន័យដូចម្ដេច?
18. អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
19. ពេលនោះ ពួកអាចារ្យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។
20. ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
21. គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។