9. ពេលនោះ ទេវតា*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។
10. ទេវតាពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់។
11. យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្ដជាអម្ចាស់។
12. នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
13. រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖
14. «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
15. លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្តែងឲ្យយើងដឹងនោះមើល៍»។
16. ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។
17. ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។
18. អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។
19. រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
20. បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។