30. ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
31. ដែលព្រះអង្គបានប្រទានមកឲ្យប្រជាជាតិទាំងអស់
32. គឺជាពន្លឺដែលនាំឲ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គនិងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ត្រព្រះអង្គ»។
33. មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរសណាស់។
34. លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។
35. បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។
36. មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ*អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ
37. គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។
38. ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
39. កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ*របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។
40. ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។
41. ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។
42. លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។