7. កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។
8. លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។
9. ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។
10. បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
11. កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ*ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។
12. ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។
13. មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។