លូកា 19:30-43 Khmer Standard Version (KHSV)

30. ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។

31. ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា”»។

32. សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​មែន។

33. ពេល​គេ​កំពុង​ស្រាយ​កូន​លា ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?»

34. សិស្ស​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។

35. បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា​ថ្វាយ​ព្រះ‌អង្គ​គង់។

36. នៅ​ពេល​ព្រះ‌អង្គ​យាង​ទៅ​មុខ មនុស្ស‌ម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។

37. កាល​ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម មាន​សិស្ស​ច្រើន​កុះ‌ករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។

38. គេ​ពោល​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់ ព្រះ‌មហា‌ក្សត្រ​ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់! សូម​សន្តិ‌ភាព​កើត​ពី​ស្ថាន​បរម‌សុខ*​មក សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!» ។

39. មាន​អ្នក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ សូម​ឃាត់​សិស្ស​របស់​លោក​ឲ្យ​នៅ​ស្ងៀម​ផង!»។

40. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។

41. កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ទត​ឃើញ​ទីក្រុង ហើយ​ទ្រង់​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖

42. «យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។

43. នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស

លូកា 19