26. ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្តិចបន្តួចក៏មិនសល់ផង។
27. ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
28. កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
29. លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅមុន
30. ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។
31. ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។
32. សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។
33. ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?»
34. សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
35. បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះអង្គគង់។
36. នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។
37. កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។
38. គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះមហាក្សត្រដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់! សូមសន្តិភាពកើតពីស្ថានបរមសុខ*មក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!» ។
39. មានអ្នកខាងគណៈផារីស៊ី*ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។
40. ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
41. កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយទ្រង់ព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖
42. «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។