26. ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្តិចបន្តួចក៏មិនសល់ផង។
27. ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
28. កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។
29. លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សិស្ស*ពីររូបឲ្យទៅមុន
30. ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។
31. ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។
32. សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។
33. ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?»
34. សិស្សឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។
35. បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះអង្គគង់។
36. នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។