លូកា 19:24-31 Khmer Standard Version (KHSV)

24. បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។

25. អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។

26. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​សល់​ផង។

27. ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។

28. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជន ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

29. លុះ​ព្រះ‌អង្គ​យាង​ជិត​ដល់​ភូមិ​បេតផា‌សេ និង​ភូមិ​បេត‌ថានី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ​មុន

30. ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។

31. ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា”»។

លូកា 19