15. លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ទ្រង់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលទ្រង់បានប្រគល់ប្រាក់ណែននោះ មកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។
16. អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។
17. ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។
18. អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមកទូលបង្គំចំណេញបានប្រាំណែន”។
19. ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ”។
20. អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។
21. ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតទ្រង់ប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលទ្រង់មិនបានសាបព្រោះ”។
22. ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នកឲ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ
23. ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឲ្យយើងអាចទទួលទាំងដើម ទាំងការ នៅពេលយើងត្រឡប់មកវិញ?”។
24. បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។
25. អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។
26. ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្តិចបន្តួចក៏មិនសល់ផង។