លូកា 19:13-19 Khmer Standard Version (KHSV)

13. មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។

14. រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។

15. លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ទ្រង់​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ទ្រង់​បាន​ប្រគល់​ប្រាក់​ណែន​នោះ មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។

16. អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក ទូលបង្គំ​ចំណេញ​បាន​ដប់​ណែន”។

17. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ”។

18. អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។

19. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។

លូកា 19